ខេត្តឃ្លាំង
ឃ្លាំង ជាខេត្តមួយ ដែលមានប្រជាជនខ្មែរក្រោមម្ចាស់ស្រុករស់នៅកុះករជាងគេ បន្ទាប់ពីខេត្តព្រះត្រពាំងដែលគេបាន ចាត់ទុកថាមានប្រជាជនខ្មែរក្រោមប្រហែលជាជាង ៧០ ភាគរយនៃបណ្តាប្រ ជាជនទូទាំង ខេត្តមាន វប្បធម៌ ប្រពៃណី ទំនៀម ទំលាប់ និងវត្តអារាម ដែលជា ដួងព្រលឹងរបស់ជាតិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។

I.ចំណុចពិសេស៖
១.ទីតាំងភូមិសាស្ត្រ៖
ខេត្តឃ្លាំងជាខេត្តមួយ នៅដែនដីកម្ពុជាក្រោម ខាងជើង ជាប់ព្រំប្រទល់ នឹងខេត្តព្រែកឫស្សី ទិសនិរតីជាប់ ព្រំប្រទល់ នឹងខេត្តពលលាវ ទិសឥសានជាប់ព្រំប្រទល់ នឹងខេត្តព្រះត្រពាំង និងខាងត្បូងជាប់ជាមួយ នឹងឈូង សមុទ្រចិន ។
២.ភោគផលធម្មជាតិ៖
ផ្ទៃដីសរុបរួមមាន ៣,២២៣ គ.ម២ ផ្ទៃដីកសិកម្ម ២៤៩,០៨៨ ហ.ត ផ្ទៃដីធ្វើស្រែ ១៨៨,០៦៧ ហ.ត ផ្ទៃដីសម្រាប់ ឈើឧស្សាហកម្មសរុប ២០,៨១៥ ហ.ត ផ្ទៃដីសម្រាប់ឈើ ប្រណីត ៤០,២០៦ ហ.ត ផ្ទៃដីជលផលមាន ៤១,៣៨២ ហ.ត ផ្ទៃដីដែលជាព្រៃ ១៦,០១៥ ហ.ត និង ផ្ទៃដីជាព្រែក ទន្លេ បឹងបួមាន ៧២គ.ម២។
II.ប្រជាជន៖(ព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលយួន)
សរុបប្រជាជនទូទាំងខេត្តមាន ១,១៩១,៣០០ នាក់ក្នុងនោះ ប្រុសមានចំនួន ៥៨០,៦៤២ នាក់ , ស្រីចំនួន៦១០,៦៥៨ នាក់ ។ បណ្តាស្ថិតិ ប្រជាជនខាងលើក្នុងនោះប្រជាជនយួន (Kinh) មានចំនួន ៦៤ % ,ខ្មែរក្រោម មានចំនួន ២៨ % ,ប្រជាជនចិន មាន ៨ % ។
III.រដ្ឋបាលភូមិសាស្ត្រ៖
ខេត្តឃ្លាំងបច្ចុប្បន្ន រដ្ឋាភិបាលអាណានិគម បក្សកម្មុយនិស្តយួន បានបែងចែកជា ៨ ស្រុក និង ខ័ណ្ឌ ក្នុងនោះមាន៖
ទីរួមខេត្ត និង ស្រុក ទាំង ៧ មាន៖
- ស្រុក អណ្តូងទឹក(Long Phu)
- ស្រុក ខ្សាចំ(Ke Sach)
- ស្រុក ជ្រោយ ញ(Vinh Chau)
- ស្រុក បាយឆៅ(My Xuyen)
- ស្រុក កោះទុង(Cu Lao Dung)
- ស្រុក កំពង់ធំ(My Tu)
- ស្រុកពងទឹក(Thanh Tri)
ក្នុងបណ្តាស្រុក និង ខ័ណ្ឌទាំង ៨ ខាងលើ នោះមាន ១០ ឃុំ/សង្កាត់, ៨ ទីរួមស្រុក និង ៨៤ ភូមិ ។ (ប្រភព Bao Can Tho ជាភាសា យួន )
IV.វត្ត ព្រះពុទ្ធសាសនាខ្មែរក្រោម ៖
១.វត្តខ្មែរមានចំនួន ៩២ វត្ត ក្នុងនោះរួមមាន៖
- ទីរួមខេត្តឃ្លាំង មាន ០៧ វត្ត
- ស្រុក អណ្តូងទឹក មាន ១៤ វត្ត
- ស្រុក ខ្សាច់ មាន ០៦ វត្ត
- ស្រុក ជ្រោយ ញ មាន ២១ វត្ត
- ស្រុក បាយឆៅ មាន ១៨ វត្ត
- ស្រុក កំពង់ធំ មាន ១៦ វត្ត
- ស្រុក ពងទឹក មាន ០៩ វត្ត
- ស្រុក កោះទុង មាន ០១ វត្ត
- ២.សាលាឆទាន មាន ៣២ ។
V.រម្មណីយដ្ឋានវប្បធម៌ខ្មែរក្រោម ៖
១.វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យរងបានក្លាយ ទៅជាសារមន្ទីរជនជាតិខ្មែរខេត្តឃ្លាំង៖
មានទីតាំងឋិតនៅខាងត្បូងវត្តឃ្លាំង ទីរួមខេត្ត ឃ្លាំង គឺជាស្ថាបត្យកម្មមួយដែលបានកសាងឡើង តាមរបៀបរចនាបទ្មខ្មែរ ។
សារមន្ទីរនេះ កាលពីមុនត្រូវបានគេស្គាល់ជា សាធារណៈថា វិទ្យាស្ថានពុទ្ធសាសន បណ្ឌិត្យរង នៅដែនដីកម្ពុជាក្រោម ត្រូវបាន សម្តេច នរោត្តម សីហនុ យាងទៅសម្ភោធ កាលពីឆ្នាំ ១៩៤២ ។
ក្រោយពីបារាំងបានប្រគល់កម្ពុជាក្រោម ទៅឲ្យរដ្ឋាភិបាលយួនធ្វើអាណានិគមបន្តលើខ្មែរ ក្រោមនៅថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ ១៩៤៩ នោះមក ទំនាក់ទំនងរវាង ខ្មែរក្រោម នឹង ព្រះរាជាណាចក្រ កម្ពុជាត្រូវបានយួនកាត់ផ្តាច់បន្តិចម្តងៗ ។ កត្តានេះហើយ បានធ្វើឲ្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យរង បញ្ឈប់ដំណើរការ ។ ក្រោយមកត្រូវបានមេដឹកនាំខ្មែរក្រោមក្នុងកងជួរនៃរដ្ឋាភិបាល បក្សកុម្មុយនិស្តយួនសំណូមពរឲ្យដាក់វិទ្យាស្ថាននេះ ធ្វើជាសារមន្ទីរជន ជាតិខ្មែរខេត្តឃ្លាំងវិញ ដើម្បីរក្សាទុកនូវកេរដំណែលដូនតា ខ្មែរក្រោម គ្រប់ជំនាន់ មានដូចជា សាស្ត្រាស្លឹករឹត សំលៀក បំពាក់ខ្មែរ ពីបុរាណ ផ្ទះខ្មែរសម័យបុរាណ វត្តអារាម និងវង់ភ្លេងខ្មែរជាដើម។
បានចូលទស្សនាសារមន្ទីរនេះ យើងនឹងបាន ជ្រាប និង បានយល់ពីជីវភាព, របៀបរបប នៃការរស់ នៅរបស់ជនជាតិដើម ខ្មែរក្រោម នៅខេត្តឃ្លាំង ។
២.វត្តឃ្លាំង
វត្តឃ្លាំង គឺជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនានិង វប្បធម៌ខ្មែរក្រោមមួយ ក្នុងចំណោមវត្តខ្មែរក្រោមទាំង ៩១ វត្ត នៅខេត្តឃ្លាំង ដែលមានទីតាំងឋិតចំ កណ្តាលទីរួមខេត្ត ។
វត្តនេះ បានកសាងកាលពី គ.ស. ១៥៣៣ ដោយលោកចៅហ្វាយខេត្តឈ្មោះ ពញាតាត ដែលបានតែងតាំងឡើងដោយ ព្រះបាទអង្គច័ន្ទ (១៥១៦–១៥៦៦) ។ នៅផ្នែកខាងជើងទីរួម ខេត្តមានដីផ្នោ ធំមួយកន្លែងដែល ពញាតាត និង ប្រជាជនខ្មែរក្រោម បានសម្រេចកសាងវត្តមួយនៅលើផ្ទៃដី ៤ ហិចតា ឲ្យឈ្មោះថា «វត្តឃ្លាំង» ។ បន្ទាប់មក ពញាតាត និង ប្រជាពល រដ្ឋខ្មែរក្រោម បាននិមន្តព្រះតេជព្រះគុណ ព្រះនាម សុខ ព្រះជន្មាយុ ៦១ ព្រះវស្សា ដែលសាង ផ្នួសបាន ៤០ ព្រះវស្សា ហើយមានកំណើតគង់នៅវត្ត ហ្លួងបាសាក់ ស្រុកបាយឆៅ ខេត្តឃ្លាំង មកធ្វើ ជា ព្រះចៅអធិការ ដំបូងបង្អស់នៅវត្តនេះ ។
នៅពេលសង់ព្រះវិហារ ព្រះសង្ឃបានឲ្យជីកស្រះ ៣ គឺ ស្រះទី ១ ឋិតនៅទិសឦសាន ស្រះទី ២ ឋិតនៅទិសខាងកើត និង ស្រះទី ៣ ឋិតនៅទិសអាគ្នេយ៍ ដើម្បីយកអាចម៍ដីមកធ្វើខឿនព្រះវិហារនោះ ។ ស្រះទិសខាងកើតត្រូវបានលុបជិតនៅក្នុង គ.ស.១៩៦២ ។ ព្រះវិហារវត្តឃ្លាំងមានខឿន ៣ ជាន់ ជាតំណាងព្រះរតនត្រ័យ ។ ខឿនទី ១ មាន ខ្លោងទ្វារចំនួន ៤ ឋិតនៅទិសទាំង ៤ មានរូបយក្ស កាន់ដំបងនៅលើសសរខ្លោងទ្វារទាំងសងខាង ។ ខាងលើខ្លោងទ្វារមានរូបរាហ៊ូចាប់ច័ន្ទព្រមទាំងក្បូរក្បាច់ រចនាយ៉ាងប្រណីត ។ នៅលើខឿនទី ២ នៅទិសខាង លិចនិង ខាង កើតមានជណ្តើរពីរៗ នៅទិសខាងត្បូង និងខាងជើងម្ខាងមួយៗ ។ ខឿនទី ៣ ដែលជា ខឿនភ្ជាប់នឹងព្រះវិហារមានជណ្តើរឡើងព្រះវិហារ ពីរនៅទិសខាងលិច និងពីរទៀតនៅ ទិសខាងកើត ។ នៅខាងក្នុងព្រះវិហារមានព្រះពុទ្ធបដិមាទ្រង់គ្រឿង មួយអង្គធំ បិទមាសសន្លឹក អមដោយព្រះពុទ្ធបដិមាតូចៗជាច្រើនទៀត ខ្លះទ្រង់ គង់ ខ្លះទ្រង់ឈរ និង ខ្លះទៀតទ្រង់គង់ព្រះភ្នែន ។ ទ្វារ និង បង្អួចទាំង អស់ឆ្លាក់ពីឈើមានក្បាច់ផ្កាភ្ញីវល្លិ៍ ក្បាច់ដកច័ន្ទ និង រូបទេវតា យក្សជិះសត្វ ពាហនៈ ជាដើម ។
៣.វត្តសេរីតេជោមហាទប់៖
ជាវត្តខ្មែរក្រោមមួយបានកសាង នៅក្នុងឆ្នាំ គ.ស.១៥៦៩ ឋិតនៅក្នុងទីរួមខេត្តឃ្លាំង បើតាមភូមិសាស្ត្ររដ្ឋបាលនៃរដ្ឋាភិបាល អាណានិគមយួន ឥឡូវនេះវត្តសេរីតេជោមហាទប់ មានអាស័យដ្ឋាន លេខ ៧៣ B វិថីLê Hồng Phong សង្កាត់ទី ៣ ខ័ណ្ឌទី ៣ ទីរួមខេត្តឃ្លាំង ។
វត្តសេរីតេជោមហាទប់ គឺជារម្មណីយដ្ឋានខ្មែរក្រោមមួយដ៏មានប្រជាប្រិយភាព ព្រោះវត្តនេះមាន ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល និងមានសត្វជ្រឹងរាប់ពាន់ក្បាលទំនៅ លើទ្រនំដើមឈើក្នុង បរិវេណ វត្តយ៉ាងកកកុញ ជាពិសេសរូបភាពព្រះវិហារប្រកបដោយក្បូរ ក្បាច់រចនាខ្មែរយ៉ាងស្រស់ប្រិមប្រិយ នោះ បានទាក់ទាញភ្ញៀវទេសចរណ៍ ចូលទស្សនាកំសាន្តមិនតិចឡើយ ។
បច្ចុប្បន្ននេះ បើសិនជាយើងធ្វើដំណើរទៅ ទស្សនាវត្តសេរីតេជៅមហាទប់នោះ យើងមិនបានឃើញព្រះវិហារទេ ព្រោះព្រះវិហារ ដ៏មានចំណាស់ សម្រាប់ព្រះសង្ឃធ្វើសង្ឃ កម្មគ្រប់ពេល និងជានិម្មិតរូប នៃវប្បធម៌របស់ខ្មែរក្រោមដ៏មានតម្លៃមួយនេះ ត្រូវបានឆេះ ដោយមិនដឹងមូលហេតុ កាលពីរាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០០៧ កន្លងទៅនេះ ។
៤.វត្តប្រាសាទគង់៖
ជាវត្តខ្មែរក្រោមមួយមានអាយុចាស់ជាងគេនៅខេត្តឃ្លាំង គឺបានកសាងក្នុងឆ្នាំ គ.ស.១២២៤
បច្ចុប្បន្ន វត្តនេះឋិតនៅក្នុងភូមិប្រាសាទគង់ ឃុំ កំពង់ដូង (Tham Đôn) ស្រុកបាយឆៅ ( Mỹ Xuyên) វត្តប្រាសាទគង់ ត្រូវបានជនជាតិយួនស្គាល់ជា សាធារណ៍ថា វត្តតាកយង់ (Chùa Tát Giồng) ព្រោះ ជនជាតិយួនគេមិនចេះនិយាយភាសាខ្មែរ ពេលបានចូលមករស់នៅដែនដីកម្ពុជាក្រោមលើក ដំបូងពួកគេមិនបានដឹងអ្វីទេពេលឃើញម្ចាស់ស្រុកខ្មែរក្រោមនៅតំបន់ នេះហៅថា វត្តប្រាសាទគង់ ក៏ នាំគ្នាហៅតាមពីពាក្យ ប្រាសាទគង់ទៅជាសំនៀងយួនថា តាកយង់ វិញ ។
៥. វត្តសិរីសុខុមស្រឡូង៖
វត្តសិរីសុខុមស្រឡូង បានកសាង នៅក្នុងឆ្នាំ គ.ស.១៨១៥ នៅភូមិស្រឡូង ឃុំជ្រោយទឹម ស្រុកបាយឆៅ ។ វត្តនេះ ជនជាតិយួន និយមហៅថាវត្តជូសាឡូង (Chua Salon) ឬ ជួចែនកេវ(Chua Chen Kieu)មានន័យថា វត្តចានអម្បែង ព្រោះជនជាតិយួនបានឃើញចានអម្បែងជាច្រើនត្រូវបានបិទនៅតាម ជញ្ជាំងព្រះវិហារធ្វើជាលម្អ ។
ធ្វើដំណើរដល់វត្តនេះ យើងឃើញមានខ្លោងទ្វារកំពូល ៣ តាមលំនាំប្រាសាទអង្គរវត្ត មានឆ្លាក់អក្សរ ឈ្មោះវត្តជាពីរភាសា ថា «វត្តសិរីសុខុមស្រឡូង»និងជាភាសាយួនថា ( Chùa Salon «Chén Kiểu» )។
ពេលបានចូលទៅខាងក្នុងបរិវេណវត្តយើង នឹងបានឃើញនូវទីធ្លាដ៏ទូលាយ និងបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ ដោយព្រះសង្ឃ បានបោសសម្អាត និងថែរក្សាជាប្រចាំ ។ ក្រៅពីរមណីយដ្ឋាន ដែលបានរៀបរាប់មកនេះ នៅមានរម្មណីយដ្ឋានជាច្រើនទៀត ជា កេរមរតក របស់ដូនតាខ្មែរក្រោម ហើយទីតាំងទាំងនោះ បានផ្តល់ផលប្រយោជន៍ ទៅឲ្យរដ្ឋាភិបាលយួនមួយថ្ងៃៗ មិនតិចទេ នូវប្រាក់ចំណូលដែលទទួលបាន ពីភ្ញៀវ ទេសចរណ៍បរទេសដែល គេបានទៅកំសាន្ត ។
VI.វិស័យសិក្សាអប់រំ៖
ការសិក្សាជាភាសាខ្មែរនៅកម្ពុជា ក្រោម ដែលព្រះសង្ឃខ្មែរក្រោមកំពុងតែសិក្សារាល់ថ្ងៃបានបន្តិចបន្តួចនោះ មិនមែនជាការផ្តល់ ឲ្យដោយរដ្ឋាភិបាលអាណានិគមយួននោះទេគឺបានដោយ ការខិត ខំប្រឹង ប្រែង ក្នុងការៗពារ ពង្រឹងពង្រីក និងការលះបង់ដ៏ធំធេង របស់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមគ្រប់កាលការ សិក្សារៀនសូត្រ អំពីអក្សរសាស្ត្រខ្មែររបស់ព្រះសង្ឃនិងជនជាតិដើមខ្មែរក្រោម នៅទឹកដីខេត្តឃ្លាំង បច្ចុប្បន្ន មានពីរផ្នែកគឺ៖
ទី១៖ គឺសិក្សាផ្នែកធម្មវិន័យនៅតាមវត្តនានា
ទី២៖ សិក្សាផ្នែកបាលីនៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីភាគខាងត្បូង ខេត្តឃ្លាំង ដែលភាសា យួន ហៅថា ( Trường Bổ Túc Văn Hóa Pali Trung Cấp Nam Bộ tỉnh Sóc Trăng ) ។
ការសិក្សានៅតាមវត្តអារាមផ្នែកធម្មវិន័យនេះមាន ៣ ថ្នាក់ គឺ៖
ថ្នាក់ដំបូង ហៅថា «ថ្នាក់ត្រី» វិញ្ញាសានៅក្នុង កម្មវិធីសិក្សាមាន ៧ គឺៈ
- ពុទ្ធប្បវត្តិ ( ប្រវត្តិព្រះពុទ្ធសមណគោត្តម )
- សាមណេរវីន័យ ( វិន័យរបស់សាមណេរ )
- ប្រជុំកងធម៌ (ថ្នាក់ត្រី)
- សរសេរតាមអានភាសាខ្មែរ
- វេយ្យាករណ៍ភាសាខ្មែរ
- តែងសេចក្តីភាសាខ្មែរ និង ភាសាយួន
- គណិត (ថ្នាក់ទី ៣ ភាសាយួន)
ថា្នក់ទីពីរ ហៅថា «ថ្នាក់ទោ» កម្មវិធីសិក្សា មាន ៧ វិញ្ញសា គឺ៖
- អនុពុទ្ធប្រវត្តិ (ប្រវត្តិអគ្គសាវគ្គរបស់ព្រះពុទ្ធ)
- ប្រជុំកងធម៌ (ថ្នាក់ទោ)
- ព្រះវិន័យក័ណ្ឌ
- សរសេរតាមអានភាសាខ្មែរ
- វេយ្យាករណ៍ភាសាខ្មែរ
- តែងសេចក្តីភាសាខ្មែរ និង ភាសាយួន
- គណិត ( ថ្នាក់ទី ៤ ភាសាយួន )
ថ្នាក់បញ្ជប់ ហៅថា « ថ្នាក់ឯក» កម្មវិធីសិក្សាមាន ៧ វិញ្ញាសា គឺ៖
- អវិទូរេនិទាន ( ប្រវត្តិព្រះពុទ្ធ ២៥ ព្រះអង្គ )
- ព្រះអភិធម្ម
- ព្រះវិន័យក័ណ្ឌ ឮ
- សរសេរតាមអានភាសាខ្មែរ
- វេយ្យាករណ៍ភាសាខ្មែរ
- តែងសេចក្តីភាសាខ្មែរ និង ភាសាយួន
- គណិត (ថ្នាក់ទី ៥ ភាសាយួន) ។
ព្រះសង្ឃដែលបានរៀនចប់ទាំង ៣ ថ្នាក់នេះ ត្រូវបានមតិសាធារណៈទទួលស្គាល់ក្រៅផ្លូវការថា ស្មើ នឹងកម្រិតបឋមសិក្សាផ្លូវលោក ជាភាសាយួន គឺថ្នាក់ទី ៥ ។
ចំណែកការសិក្សាអក្សរសាស្ត្រខ្មែរនៅ សាលាពេញវិជ្ជាមធ្យមសិក្សាបាលីភាគខាងត្បូង ដែលជា អតីតសាលាបាលីជាន់ខ្ពស់ ខេត្តឃ្លាំង មានទីតាំងនៅ ក្នុងវត្តឃ្លាំង ទីរួមខេត្តឃ្លាំង នោះ បច្ចុប្បនគឺជាមជ្ឈមណ្ឌលសិក្សារបស់ព្រះសង្ឃខ្មែរក្រោមនៅ គ្រប់ខេត្តដែលបាននិមន្ត ទៅគង់នៅដើម្បីបន្តការសិក្សា ។ កម្មវិធីសិក្សានៅក្នុងសាលានេះទូទៅគឺសិក្សាខាងផ្លូវ លោកជាភាសាយួន ចំណែកភាសាបាលី និងភាសា ខ្មែរ គឺជាការសិក្សាបន្ទាប់បន្សំបណ្ណោះ ។ ចំពោះកាលបរិច្ឆេទនៃការសិក្សាមួយថ្ងៃ ៨ ម៉ោង ពេលព្រឹក ៤ ម៉ោង និង ពេលល្ងាច ៤ ម៉ោង ។ ព្រះសង្ឃដែលបានចូលសិក្សានៅសាលានេះ ត្រូវចំណាយ ពេល ៤ ឆ្នាំ ទើបបានបញ្ចប់ថ្នាក់ ហើយត្រូវបាន ក្រសួងអប់រំយុវជន និង បណ្តុះបណ្តាល ប្រទេសយួនទទួលស្គាល់ជាផ្លូវការថា មានកម្រិតស្មើនឹង មធ្យមសិក្សាទុតិយភូមិ( ថ្នាក់ទី ១២ ផ្លូវលោកជាភាសាយួន) ។

ព្រះសង្ឃខ្មែរក្រោម ដែលបានចូលសិក្សានៅសាលានេះ ឆ្នាំដំបូង ត្រូវបានសិក្សាវិញ្ញាសាផ្លូវលោក ជាភាសាយួន នៃថ្នាក់ ទី ៦ និង ទី ៧ ដូចជា វិញ្ញាសាគណិត (Đại Số) , រូបវិទ្យា (Vật Lí) , ប្រវត្តិសាស្ត្រយួន ( Lịch Sử ), អក្សរ សាស្ត្រយួន ( Văn Học ) , ភូមិសាស្ត្រយួន (Địa Lí) និង គិមីសាស្ត្រ (Hoá Học)ជាដើម ។ ចំណែកភាសាបាលីមួយ សប្តាហ៍សិក្សាបាន ២ ម៉ោងគត់ គឺរៀនវិញ្ញាសា ប្រែលោតប្រយោគមង្គលត្ថទីបនី ភាគ ១ ។ វិញ្ញាសាភាខ្មែរក៏មួយសប្តាហ៍រៀនបាន ២ ម៉ោងដែរ គឺរៀនវេយ្យាករណ៍ខ្មែរ ។ ឈានចូលការសិក្សា ឆ្នាំទីពីរ ទីបី និង ទីបួន កម្មវិធីសិក្សា ដូចគ្នានឹងឆ្នាំដំបូងដែរ គ្រាប់តែឆ្នាំទីពីរ គេបានដាក់បញ្ជូលវិញ្ញាសាផ្លូវ លោកជាភាសាយួន ថ្នាក់ទី ៨ និង ទី ៩ ,ឯភាសា បាលីសមណសិស្សត្រូវប្រែលោតប្រយោគវិញ្ញាសាមង្គលត្ថទីបនី ភាគ ២ និង ភាសាខ្មែរបន្តរៀនវេយ្យាករណ៏ខ្មែរដដែល ។ ចូលឆ្នាំទីបីនៃការសិក្សាសមណសិស្ស ត្រូវបានរៀនវិញ្ញាសាផ្លូវលោក ជាភាសាយួន ថ្នាក់ទី ១០ និង ទី ១១ , ឯភាសាបាលី សមណសិស្សត្រូវប្រែ លោតប្រយោគវិញ្ញាសា មង្គលត្ថទីបនី ភាគ ៣ និង ភាសាខ្មែរត្រូវ បានបញ្ចប់វិញ្ញាសាវេយ្យាករណ៍ខ្មែរ ។ ឆ្នាំទីបួន ដែលជាឆ្នាំបញ្ចប់ ត្រូវបានសិក្សាភាសាយួនថ្នាក់ទី ១២ និងបាលី ត្រូវបាន បញ្ចប់កម្មវិធី ប្រែលោតប្រយោគ មង្គលត្ថទីបនី ភាគ ៤ (ភាគបញ្ចប់) និង វិញ្ញាសាភាសាខ្មែរត្រូវ បានរៀនអំពីសិល្បៈតែងកំណាព្យ ។
សាលាបំពេញវិជ្ជាមធ្យម សិក្សាបាលីភាគខាងត្បូង ឬ សាលាបាលីជាន់ខ្ពស់ខេត្តឃ្លាំង នេះត្រូវបានបង្កើតឡើងឆ្នាំ ១៩៩២ ។ បច្ចុប្បន្ន មានព្រះតេជព្រះគុណ យឿង ញើង ព្រះចៅអធិការវត្តព្រែកអណ្តើក និងជាប្រធានសមាគមព្រះសង្ឃសាមគ្គី ស្នេហាជាតិ ខេត្តឃ្លាំង ជាចាងហ្វាង ព្រះតេជព្រះគុណ តាំង ណោ ព្រះចៅធិការវត្តឃ្លាំង ជាចាងហ្វាងរង ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ០៨ ខែកម្ភៈឆ្នាំ ២០០៧ មានព្រឹត្តិការណណ៍ជាប្រវត្តិសាស្ត្រ មួយសម្រាប់ខ្មែរក្រោម នៅដើមសតវត្សរ៍ ទី ២១ និង ដើមសហវត្សរ៍ទី ៣ នេះ ដោយមានសមណ សិស្ស នៃសាលានេះជាង ២០០ អង្គ បាននាំគ្នាចេញធ្វើបាតុកម្មដោយអហិង្សា នៅមុខមន្ទីរនគរ បាលយួន ខេត្តឃ្លាំង ដើម្បីទាមទារសិទ្ធិសេរីភាព ។ ការធ្វើបាតុកម្មនោះ ត្រូវបានមតិសាធារណៈដឹង ថា ព្រោះរដ្ឋាភិបាលយួនហាម សមណសិស្សនិមន្ត ចេញទៅបិណ្ឌបាត្រ ។ ក្រោយការធ្វើបាតុកម្មនេះ មានសមណសិស្ស ៥ អង្គ ត្រូវបានចាប់ផ្សឹកទាំង កម្រោល និងដាក់ពន្ធនាគាររហូត មកដល់សព្វថ្ងៃនេះ ព្រមទាំងសមណ ជាច្រើនអង្គទៀតត្រូវបាន ចាប់ផ្សឹក និង បានបញ្ឈប់ការសិក្សាផងដែរ ។
ក្រៅពីការសិក្សាអក្សរសាស្ត្រ ខ្មែររបស់ព្រះសង្ឃផ្នែកធម្មវិន័យ និងបាលីនៅតាមវត្តអារាមនានា យើងក៏ ឃើញ មានចលនាបង្រៀន អក្សរខ្មែររបស់ព្រះសង្ឃនៅតាមវត្តអារាមនានា ដល់កូនចៅខ្មែរ ក្រោម រយៈ ពេល ៣ ខែ (ពេលវិស្សមកាលពីសាលារៀនជាភាសា យួន) ផងដែរ ។ កុមារខ្មែរក្រោមដែលបានចូល រៀនអក្សរខ្មែរដំបូង ត្រូវបានព្រះសង្ឃបង្រៀនឲ្យចេះអាន និង ចេះសរសេរសិន។
កម្មវិធីអានអក្សរខ្មែរនេះត្រូវបាន ព្រះសង្ឃខ្មែរបង្រៀនឲ្យអានមាន ៣ ថ្នាក់ គឺថ្នាក់ទី ១ ប្រកបតួអក្សរគ្មាន តម្រួតជើង ។ ថ្នាក់ទី ២ ប្រកបអក្សរតម្រួតជើង ហើយថ្នាក់ទាំងពីរនេះត្រូវបានបន្ថែម វិញ្ញាសា សរសេរអក្សរផ្ចង់ មួយទៀត ។ ថ្នាក់ទី ៣ ត្រូវបានព្រះ សង្ឃបង្រៀនឲ្យអានអត្ថបទនិង សរសេរតាមសូត្រ ជាភាសាខ្មែរ ។ ក្រៅពីបង្រៀនឲ្យចេះអាន ចេះសរសេរ ក៏មានបង្រៀន វិញ្ញាសា លេខ និង ចំណោទ ផងដែរ ។
VII-ពិធីបុណ្យប្រពៃណីជាតិ និង សាសនា៖
ពិធីបុណ្យប្រពៃណីជាតិ និង សាសនាត្រូវដូចជាបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា (បុណ្យភ្ជំបិណ្ឌនៅ ប្រទេសកម្ពុជា) និង បុណ្យកឋិនទាន ជា ដើម ត្រូវបានខ្មែរក្រោមនៅកម្ពុជាក្រោមឯកភាពប្រារព្ភចំរដូវកាលតែមួយ ។
ក–បុណ្យអកអំបុក ប្រណាំងទូក ង និងសំពះ ព្រះខែ ៖
ចំពោះពិធីប្រណាំងទូក ង វិញ ត្រូវបានចាប់ ប្រណាំងពីថ្ងៃទី ១២/១៣/១៤ កើត ខែកត្តិក ជារៀង រាល់ឆ្នាំ ដោយមានទូក ង ជាង ៤០ មកពីវត្តនានា ទូទាំងខេត្ត ។ ពិធីនេះត្រូវបានរៀបចំឡើង យ៉ាងគគ្រឹកគគ្រេង មានអ្នកទស្សនាទាំងខ្មែរ និងយួនផងរាប់ពាន់នាក់ មកពីនានាខេត្តនៅកម្ពុជាក្រោម ។
ចំពោះពិធីអកអំបុក និងសំពះព្រះខែត្រូវបាន ប្រារព្ភឡើងជារៀងរាល់ឆ្នាំនៅថ្ងៃ ១៥ កើត ខែកត្តិកនៅតាមវត្តអារាមនិងគេហដ្ឋាន ។
ខ–ពិធីបុណ្យចូលឆ្នាំថ្មីនិងបុណ្យសែនដូនតា (បុណ្យភ្ជំបិណ្ឌ)៖
ការប្រារព្ភពិធីបុណ្យនេះ ត្រូវបានរៀបចំឡើងតាមកាលវេលាដូចជានៅប្រ ទេសកម្ពុជាដែរ គឺខ្មែរ ក្រោមបានយកថ្ងៃ ខែ ធ្វើបុណ្យ ទៅតាមមហាសង្ក្រាន្ត និងប្រតិទិន ដែល បានបោះពុម្ភចេញពីប្រទេសកម្ពុជា ។
គ–បុណ្យកឋិនទាន៖
នៅបណ្តាខេត្តផ្សេងៗ ត្រូវបានប្រារព្ភទៅតាមពុទ្ធានុញ្ញាត គឺអាចធ្វើបុណ្យបាន ២៩ ថ្ងៃ ចាប់ពីថ្ងៃ ដែលព្រះសង្ឃចេញវស្សាទៅ ។ តែចំពោះខេត្តឃ្លាំងវិញត្រូវបានរដ្ឋាភិបាលវៀត ណាមបំរាម ធ្វើទៅតាម វិន័យព្រះពុទ្ធសាសនា គឺឲ្យព្រះសង្ឃខ្មែរក្រោមទាំង ៩១ វត្តក្នុងខេត្តប្រារព្ភបុណ្យកឋិនតែមួយថ្ងៃជាមួយ គ្នា ។
បច្ចុប្បន្ននេះ ក្រោយពីព្រឹត្តិការណ៍បាតុកម្មរបស់សមណសិស្ស សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីភាគ ខាងត្បូង ខេត្តឃ្លាំង នៅថ្ងៃទី ០៨ កុម្ភៈ ឆ្នាំ ២០០៨ ដើម្បីទាមទារសិទ្ធិសេរីភាពនោះមក យើង ទទួលបានដំណឹងថា មានការកែប្រែឲ្យធ្វើទៅតាមព្រះវិន័យនៅក្នុងព្រះពុទ្ធសាសនាវិញហើយ ៕
No comments:
Post a Comment